ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមចំនួន ១៥៤ធុង ទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម និងសាលា ឃុំ-សង្កាត់ នៅទូទាំងខេត្តកែប
កែប ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម» ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប ចំនួន ១៥៤ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរ អង្គភាព ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅខេត្តកែប។

លោក សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់ប្រភពទឹក ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។

ការប្រារព្ធទិវានេះក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសំដៅរួមចំណែកបញ្ជ្រាប បំផុសផ្នត់គំនិតសាធារណជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមប្រតិបត្តិ ភាពស្អាត បៃតង និងចីរភាព ដោយការសម្អាតអនាម័យបរិស្ថានតាមលំនៅឋាន ទីសាធារណៈ ដោយទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីភាពបៃតងស្រស់ប្រកបដាយផាសុខភាព។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តកែប បានថ្លែងអំណរគុណដល់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាឆ្នាំនេះ ជូនដល់សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងសាលាឃុំ-សង្កាត់ទូទាំងខេត្តកែប ដើម្បីបង្កើនភាពស្អាត និងអនាម័យ កាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកែប ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរទម្លាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី ភាពស្អាត សុខភាព និងការរស់នៅប្រកបដោយអនាម័យ ការរក្សាទីក្រុង ឬ ភូមិឋានឱ្យស្អាត គឺជាការរួមចំណែករបស់មនុស្សគ្រប់រូប៕


