សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយយោធាប្រហែល ១៦.០០០នាក់ រួមទាំងនាវាចម្បាំង នៅក្បែរប្រទេសវ៉េណេស៊ុយអេឡា
																						
											
											
											បរទេស៖ កាសែត Washington Post បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយយោធាដ៏ធំមួយទៅកាន់តំបន់ក្បែរប្រទេសវេណេហ្ស៊ុយអេឡា រួមទាំងទាហាន ១០.០០០ នាក់ និងនាវិក ៦.០០០ នាក់ ។ ការដាក់ពង្រាយនេះអាចបង្ហាញពីផែនការពង្រីកប្រតិបត្តិការក្នុងតំបន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចោទប្រទេសវ៉េណេស៊ុយអេឡាម្តងហើយម្តងទៀតថា បានជួយ “ពួកភេរវករ” និងបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រទេសនេះ។ យោធាអាមេរិកក៏បានវាយប្រហារលើកប៉ាល់ជាច្រើនគ្រឿងផងដែរ ចាប់តាំងពីខែកញ្ញា ដោយអះអាងថា កប៉ាល់ទាំងនោះត្រូវបានប្រើប្រាស់ដោយអ្នករត់ពន្ធគ្រឿងញៀន។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolás Maduro បានបដិសេធការចោទប្រកាន់នេះ ដោយចោទរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនវិញថា “ផលិតសង្រ្គាមថ្មី” ចំពេលមានការបន្តពង្រឹងយោធា។
យោងតាមកាសែត Washington Post , នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកចំនួន ៨ គ្រឿង នាវាប្រតិបត្តិការពិសេស និងនាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរ បានស្ថិតនៅក្នុងតំបន់ Caribbean រួចហើយ។ នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលរំពឹងថា នឹងមកដល់នៅសប្តាហ៍ក្រោយ តាមសេចក្តីរាយការណ៍ថា នឹងនាំយកនាវាយោធាចំនួនបីបន្ថែមទៀតជាមួយនឹងបុគ្គលិកយោធាសរុបជាង ៤.០០០ នាក់នៅលើយន្តហោះ៕
ប្រែសម្រួលៈ ណៃ តុលា
													
																							