ព័ត៌មានអន្តរជាតិ

លោក Trump សរសើរជំនួបជាមួយប្រធានាធិបតីចិនថា ជាជំហានឆ្ពោះទៅរក “សន្តិភាពជារៀងរហូត”

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ជំនួបរបស់លោកជាមួយសមភាគីចិន លោកប្រធានាធិបតី Xi Jinping នៅដើមសប្តាហ៍នេះ នឹងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំទាំងពីរបានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ ទីក្រុងប៉េកាំងបាននិយាយថា មេដឹកនាំទាំងពីរបានឈានដល់ការឯកភាពគ្នាដើម្បីដោះស្រាយ “បញ្ហាពាណិជ្ជកម្មសំខាន់ៗ”។

ប្រទេសចិនបានយល់ព្រមផ្អាកការត្រួតពិនិត្យការនាំចេញរបស់រ៉ែកម្រចុងក្រោយបង្អស់របស់ខ្លួនជាថ្នូរនឹងការកាត់បន្ថយពន្ធនាំចូលទៅវិញទៅមករបស់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវការសន្យារបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយពន្ធលើការនាំចូលរបស់ចិន និងផ្អាកការស៊ើបអង្កេតលើវិស័យដែនសមុទ្រ និងភស្តុភាររបស់ទីក្រុងប៉េកាំង។

លោក Trump បានសរសេរនៅលើ Truth Social កាលពីថ្ងៃសៅរ៍ថា “កិច្ចប្រជុំ G2 របស់ខ្ញុំជាមួយប្រធានាធិបតី Xi របស់ប្រទេសចិន គឺជាជំនួបដ៏អស្ចារ្យមួយសម្រាប់ប្រទេសរបស់យើងទាំងពីរ” ។ “កិច្ចប្រជុំនេះនឹងនាំទៅរកសន្តិភាព និងភាពជោគជ័យជារៀងរហូត។ សូមព្រះជាម្ចាស់ប្រទានពរទាំងប្រទេសចិន និងសហរដ្ឋអាមេរិក!”

សូមជម្រាបថា ទំនាក់ទំនងទ្វេភាគីត្រូវបានតានតឹងដោយភាពតានតឹងពាណិជ្ជកម្មជាច្រើនឆ្នាំដែលបានចាប់ផ្តើមនៅពេលដែលលោក Trump បានដាក់ពន្ធលើទំនិញចិនក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។ នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធលើផលិតផលចិនពី 57% ទៅ 47% និងផ្អាកការរឹតបន្តឹងការនាំចេញដែលផ្តោតលើក្រុមហ៊ុនចិនមួយចំនួន។ អាមេរិកក៏នឹងកាត់បន្ថយពន្ធដែលទាក់ទងនឹងសារធាតុថ្នាំ fentanyl ខណៈចិនក៏បានកែសម្រួលវិធានការសងសឹករបស់ខ្លួនផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top