ពលរដ្ឋ នៅស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នឹងទទួលបានអំពូលសូឡាបន្ថែមទៀត ដើម្បីបំភ្លឺក្នុងមូលដ្ឋាន
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នឹងទទួលបានអំពូលសូឡា(អំពូលភ្លើងទេវតា) បន្ថែមទៀត ដើម្បីបំភ្លឺក្នុងមូលដ្ឋាន តាមដងផ្លូវជាតិលេខ៣៧០ ចាប់ពីឃុំចក ឆ្ពោះមក ចំណុចកែងផ្លូវជាតិលេខ១១ ទីប្រជុំជនស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

សូមបញ្ជាក់ថា អំពូលសូឡា ចំនួន៦១៤ បង្គោល ជាអំណោយរបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ត្រូវផ្តល់និងតម្លើងជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ តាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជួយលើកកម្ពស់ការថែទាំសុខភាព ពង្រឹងសុវត្ថិភាព និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកមានប្រសាសន៍បន្តថា អំពូលសូឡាអំណោយ សម្តេចធិបតីប្រែក្លាយជនបទទៅជាទីក្រុង ព្រោះថាភ្លើងសូឡា ដែលកន្លងមកអំពូលសូឡា ដែលត្រូវបានប្រសិទ្ធនាមថាជាភ្លើងទេវតា បានចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដូចជាបានផ្តល់ជាអគ្គិសនីបំភ្លឺក្នុងមូលដ្ឋាន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋមាន ការរស់ប្រកបដោយភាពស្អាត មានសោភ័ណភាព បានធ្វើដំណើរ រួមទាំងការដើរហាត់ប្រាណ ដូចប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជននិងទីក្រុង។

សូមបញ្ជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារច្នាក់ជាតិ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ សហការជាមួយរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កាលពីពេលថ្មីៗកន្លងមកនេះ បានតម្លើងអំពូលសឡានេះ ជូនប្រជាពលរដ្ឋរួចហើយ ដើម្បីដាក់បំភ្លឺតាមបណ្តោយផ្លូវលេខ ៣៧០ ចាប់ពីឃុំដំរិល (ព្រំប្រទល់ស្រុកត្បូងឃ្មុំ) រហុតដល់ឃុំចក។

អំពញលសូឡាជាច្រើនបន្ថែមទៀត នឹងត្រូវតម្លើងបន្ថែមជូនប្រជាពលរដ្ឋ ចាប់បន្តពីឃុំគងជ័យ នៅតាមបណ្តោយផ្លូវ៣៧០នេះ និងឆ្ពោះមកផ្សារអូររាំងឪ កែងនឹងផ្លូវជាតិលេខ១១ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕




