កំណែទំរង់ពន្ធដាថ្មីរបស់ឥណ្ឌា កំពុងជួយជម្រុញបានយ៉ាងមានប្រសិទ្ធភាពនូវតម្រូវក្នុងស្រុក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតBloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថាការកាត់បន្ថយពន្ធលើការប្រើប្រាស់របស់ឥណ្ឌាបាននាំឱ្យមានការកើនឡើងនៃការចំណាយក្នុងអំឡុងពេលពិធីបុណ្យ Diwali ដែលជាពិធីបុណ្យដ៏ធំបំផុតរបស់ប្រទេសនេះ។
ការចំណាយរបស់អតិថិជនចាប់ពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី២១ ខែតុលាបានកើនឡើង៨,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បាននិយាយថាការលក់រាយសរុបបានឈានដល់៦៧,៦ ពាន់លានដុល្លារ ជាមួយនឹងប្រភេទទំនិញដែលលក់ដាច់បំផុតដូចជាគ្រឿងអលង្ការ គ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ គ្រឿងសង្ហារិមក្នុងផ្ទះ និងបង្អែម។
កំណើនយ៉ាងខ្លាំងនៃតម្រូវការត្រូវបានសន្មតថាបានមកពីកំណែទម្រង់ពន្ធនាពេលថ្មីៗនេះដែលរដ្ឋាភិបាលឥណ្ឌាបានប្រកាសនៅក្នុងខែកញ្ញាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សេដ្ឋកិច្ចពីពន្ធ៥០ភាគរយរបស់ប្រធានាធិបតីអាមេរិក Donald Trump ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងញូវដែលីបានកាត់បន្ថយពន្ធលើទំនិញ និងសេវាកម្មលើប្រភេទផលិតផលជិត៤០០មុខដែលជាការកាត់ពន្ធដ៏ធំលើកដំបូងរបស់ប្រទេសនេះក្នុងរយៈពេលជិតមួយទសវត្សរ៍។ ពន្ធត្រូវបានកាត់យ៉ាងមានប្រសិទ្ធភាពលើវត្ថុប្រើប្រាស់ក្នុងផ្ទះភាគច្រើន ដែលជំរុញការចំណាយមុនរដូវបុណ្យ៕
ប្រែសម្រួល៖ ស៊ុនលី
