ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ បំបែកកំណត់ត្រាការបិទរដ្ឋាភិបាលយូរបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈដែលការបិទឈានចូលដល់ថ្ងៃទី៣៦

Xinhua

វ៉ាស៊ីនតោន៖ ការបិទរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកបានចូលដល់ថ្ងៃទី៣៦​ របស់ខ្លួន ដោយលើសពីកំណត់ត្រា ៣៥ថ្ងៃមុនដែលបានកំណត់ក្នុងអំឡុងពេលបិទឆ្នាំ ២០១៨-២០១៩ ដែលធ្វើឱ្យវាក្លាយជាការបិទរដ្ឋាភិបាលយូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

នៅពាក់កណ្តាលថ្ងៃថ្ងៃអង្គារ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានធ្វើការប៉ុនប៉ងលើកទី ១៤​របស់ខ្លួនដើម្បីជំរុញសេចក្តីព្រាងច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីដែលស្នើឡើងដោយគណបក្សសាធារណរដ្ឋ និងត្រូវបានអនុម័តដោយសភារួចហើយ ប៉ុន្តែការបោះឆ្នោតនីតិវិធីមិនបានដល់ ៦០សំឡេងដែលត្រូវការសម្រាប់ការអនុម័ត។

ដូចដែលបានកើតឡើងពេញមួយការបិទរដ្ឋាភិបាលជាងមួយខែ មេដឹកនាំនៃគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានបន្តបន្ទោសគ្នាទៅវិញទៅមកនៅថ្ងៃអង្គារ ដោយគ្មានសញ្ញានៃការចរចា ឬការសម្របសម្រួលឡើយ។

មេដឹកនាំសំឡេងភាគតិចនៃសភាតំណាងរាស្ត្រ លោក Hakeem Jeffries ដែលជាសមាជិកកំពូលនៃគណបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ទាប បានព្រមាននៅក្នុងសន្និសីទសារព័ត៌មានមួយថា «ក្រុមសាធារណរដ្ឋបដិសេធមិនបន្តការអនុគ្រោះពន្ធលើច្បាប់ថែទាំសុខភាព​ ដែលមានតម្លៃសមរម្យ ដែលនឹងធ្វើឱ្យជនជាតិអាមេរិករាប់សិបលាននាក់ជួបប្រទះនឹងការកើនឡើងយ៉ាងខ្លាំងនៃបុព្វលាភ ការបង់ប្រាក់រួមគ្នា និងការកាត់កង»។

ទន្ទឹមនឹងនេះ ប្រធានសភាអាមេរិក លោក Mike Johnson ដែលជាសមាជិកកំពូលនៃគណបក្សសាធារណរដ្ឋនៅក្នុងសភា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយថា «ការបិទទ្វាររបស់លោក Schumer មិនដែលនិយាយអំពីការថែទាំសុខភាព ឬគោលនយោបាយផ្សេងទៀតទេ» ដោយសំដៅទៅលើមេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភា លោក Chuck Schumer។

លោក Johnson បានលេីកឡេីងថា​ «ឥឡូវនេះ ក្រុមអ្នកប្រជាធិបតេយ្យខ្លាចការសងសឹកនយោបាយពីសកម្មជនឆ្វេងនិយមនៅក្នុងគណបក្សរបស់ពួកគេច្រើនជាងពួកគេខ្លាចផលវិបាកនៃការបិទរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍ជាប់ៗគ្នា»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top