ព័ត៌មានអន្តរជាតិ

ប្រេស៊ីល​ ព្រមានប្រឆាំងនឹងការដែលអាមេរិក​ ចាត់ថ្នាក់ការជួញដូរគ្រឿងញៀនថាជាអំពើភេរវកម្មនៅអាមេរិកឡាទីន

សៅប៉ូឡូ៖​ រដ្ឋាភិបាលប្រេស៊ីល​ បានសម្តែងការព្រួយបារម្ភអំពីជម្លោះថ្មី​ ដែលអាចកើតមាននៅអាមេរិកឡាទីន ខណៈដែលសហរដ្ឋអាមេរិក​ ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីចាត់ថ្នាក់ការជួញដូរគ្រឿងញៀនជាទម្រង់នៃអំពើភេរវកម្ម។

លោក Celso Amorim ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីលោក​ Luiz Inacio Lula da Silva បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ពិភពលោកកំពុងប្រឈមមុខនឹងពេលវេលានៃ “ភាពចលាចលទាំងស្រុង” ដែលជំរុញដោយការប្រើប្រាស់ការចាត់ថ្នាក់​ ដែលផ្សព្វផ្សាយដោយសហរដ្ឋអាមេរិក ដែលអាចបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពយោធា។

លោកបានចង្អុលបង្ហាញពីយុទ្ធសាស្ត្រថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោន​ ក្នុងការបើកការវាយប្រហារប្រឆាំងនឹងនាវា​ ដែលសង្ស័យថាជាក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន និងចាត់ថ្នាក់ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាអង្គការភេរវកម្ម។

លោក Amorim បានលេីកឡេីងថា “ការបែងចែករវាង ‘អំពើភេរវកម្មគ្រឿងញៀន’ និងស្លាកផ្សេងទៀតអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារយោធា​ ដែលបើមិនដូច្នោះទេនឹងមិនកើតឡើងនោះទេ។ វាទាំងអស់​ គឺគួរឱ្យព្រួយបារម្ភណាស់”។

លោក Amorim បានបន្ដថា បញ្ហានេះលើសពីពាណិជ្ជកម្ម ដោយសំដៅទៅលើការចរចាដែលកំពុងដំណើរការលើពន្ធគយ ៥០ ភាគរយដែលសហរដ្ឋអាមេរិក​ បានដាក់លើផលិតផលប្រេស៊ីល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top