ព័ត៌មានជាតិ

US-ABC បង្ហាញឆន្ទៈបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្កានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ASEAN Business Council – US ABC) បានបង្ហាញឆន្ទៈក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីឱកាស និងសក្កានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា។

ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារតុមូលដែលបានរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ASEAN Business Council – US ABC) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

កិច្ចពិភាក្សាតុមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ និងស្ថាបនា ដោយផ្តោតលើការផ្សារភ្ជាប់ឱកាសវិនិយោគជាក់ស្តែង។

ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅទីក្រុងគូឡាឡាំពួរ ប្រេទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ និងកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់វិស័យបច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ និងថាមពលស្អាត ស្របតាមតម្រូវការរបស់វិនិយោគិនសកល។

លោក ក៏បានបង្ហាញពីតួនាទីរបស់កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម (Manufacturing Hub) ដែលអាចតភ្ជាប់វិនិយោគិនអាមេរិកទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

កិច្ចពិភាក្សាតុមូលនេះ គឺជាស្ពានដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ហើយការចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានផ្តល់ឱកាសឱ្យក្រុមហ៊ុនអាម៉េរិកមានទំនាក់ទំនងផ្ទាល់ជាមួយដៃគូក្នុងស្រុកដែលមានបទពិសោធន៍ និងលទ្ធភាពវិនិយោគរួមគ្នា (Joint Ventures)ក្នុងពេលអនាគត។

ជាមួយគ្នានោះដែរ US-ABC បានបង្ហាញឆន្ទៈក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីវឱកាស និងសក្កានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា និងបន្តជំរុញឱ្យក្រុមហ៊ុនសមាជិករបស់ខ្លួនបង្កើនវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមទៀត៕

To Top