ព័ត៌មានជាតិ

ភ្ញៀវទេសចរ មកដើរលេងកំសាន្តនៅខេត្តបាត់ដំបងជាង ១២ម៉ឺននាក់រយៈពេលបីថ្ងៃក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក កើនជាង១២ភាគរយធៀបឆ្នាំមុន

បាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ផ្តល់របាយការណ៍លម្អិតបន្ថែមឱ្យដឹងថា ចំនួនភ្ញៀវមកលេងខេត្តបាត់ដំបងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣,៩៥៥ នាក់ គឺមានការកើនឡើង ១២.១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ ។

លោកបន្ថែមថាក្នុងភ្ញៀវទាំងជាង១២ម៉ឺននាក់ឆ្នាំនេះ មាន ភ្ញៀវជាតិ ១២៣,០៨០ នាក់ កើនឡើង ១២.២២ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០៩,៦៧៧ នាក់ និង ភ្ញៀវអន្តរជាតិ ៨៧៥ នាក់ កើនឡើង ៧.៧៦ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៨១២  នាក់បើតាមមន្ទីរទេសចរណ៍ខេត្តភ្ញៀវដែលមកលេង និងស្នាក់នៅខេត្តបាត់ដំបង បានដើរកំសាន្តនៅតាម រមនីយដ្ឋាននានាក្នុងខេត្ត កំសាន្តតាមទីវត្តអារាមដែលរៀបចំកមកម្មវិធីដាល់អំបុក និងមកលេង កណ្តាល ក្រុងបាត់ដំបង ពិសេសតាមបណ្តោយផ្លូវលេខពីរកកកុញ ដែលមានរៀបចំមហោស្រពសិល្បៈ ទីក្រុងស្អាត ២០២៥ ដែលរៀប ចំដោយអង្គការហ្វារពន្លឺសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ជាដើម ៕

To Top