រុស្ស៊ី បញ្ជាក់ថា ទីក្រុងមូស្គូ នឹងចាត់វិធានការប្រសិនបើប្រទេសដទៃទៀតធ្វើតេស្តនុយក្លេអ៊ែរ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំចិត្តចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរ ដែលធ្វើឡើងដោយប្រទេសដទៃទៀត។
លោក ពូទីន បានឧ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា “ត្រលប់ទៅក្នុងសុន្ទរកថាឆ្នាំ២០២៣ របស់ខ្ញុំទៅកាន់សភាទាំងពីរ ខ្ញុំបានកត់សម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិក ឬរដ្ឋភាគីផ្សេងទៀតនៃសន្ធិសញ្ញាពាក់ព័ន្ធបានធ្វើតេស្តបែបនេះ រុស្ស៊ីនឹងត្រូវចាត់វិធានការឆ្លើយតបសមាមាត្រ”។
លោកបានណែនាំក្រសួងការបរទេស និងការពារជាតិរបស់រុស្ស៊ី និងនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតឱ្យដាក់សំណើលើលទ្ធភាពនៃការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ។
លោក ពូទីន បានបន្ថែមថា រុស្ស៊ីតែងតែគោរពយ៉ាងតឹងរ៉ឹង ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយ (CTBT) ហើយនឹងបន្តធ្វើដូច្នេះរហូតដល់ប្រទេសដទៃទៀតចាប់ផ្តើមធ្វើតេស្តនុយក្លេអ៊ែរ។
ពីមុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ដោយអះអាងថាប្រទេសដទៃទៀតហាក់ដូចជាកំពុងធ្វើតេស្តស្រដៀងគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
