ព័ត៌មានជាតិ

សម្តេចធិបតី ចាត់ទុកជាសមិទ្ធផល ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជធានី ខេត្ត សម្រេចបានការ បញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា ។

តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការលើកកម្ពស់ អនាម័យជនបទ នៅតែជាការងារអាទិភាព របស់រាជរដ្ឋាភិបាល។

សម្ដេចធិបតី បន្ដថា ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និង ការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់យ៉ាង ច្បាស់អំពីការ បន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌ នៃការរស់នៅ របស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់ លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អត្រានៃការទទួលបាន សេវាអនាម័យជនបទ មានការកើនឡើង គួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេច បានការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF) ដែលក្នុងនោះ មានភូមិចំនួន១៤ ៥៧៦ ឃុំចំនួន១ ៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និងខណ្ឌចំនួន១៤ ដែល ជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា។ ដោយឡែក អត្រាគ្របដណ្តប់អនាម័យជនបទបាន កើនឡើងពី៩០% នៅឆ្នាំ២០២៤ ដល់៩៥% ក្នុងឆ្នាំ២០២៥នេះ នឹងឱ្យសម្រេចបាន១០០% នៅឆ្នាំ២០៣០»។

សម្ដេចធិបតី បន្ដថា សមិទ្ធផលដែលសម្រេចបាននេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ បានរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារលើកកម្ពស់អនាម័យជនបទ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងយន្តការដែល បានដាក់ចេញនាពេលកន្លងមក ។ លទ្ធផលនេះក៏បានបង្ហាញឱ្យឃើញ ការប្រែប្រួលជាវិជ្ជមាននូវកម្រិតនៃការ យល់ដឹងអំពីការ ប្រតិបត្តិអនាម័យល្អ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមយ៉ាងសស្រាក់សស្រាំ អស់ពីកម្លាំងកាយ ចិត្តក្នុងការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យស្ថានភាពអនាម័យ ជនបទនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ឈានទៅសម្រេចបាននូវគោលដៅ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល៕

To Top