មហាក្សត្រថៃ នឹងយាងទៅទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរយ:ពេល៥ថ្ងៃ នៅប្រទេសចិន
បរទេស ៖ ក្រសួងការបរទេសថៃ បានប្រកាសនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ព្រះករុណា ព្រះបាទ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះមហាក្សត្រីយានី Suthida Bajrasudhabimalalakshan នឹងយាងបំពេញព្រះរាជ្យទស្សនកិច្ចផ្លូវរដ្ឋ ជាប្រវត្តិសាស្ត្រ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។
យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្រះរាជ្យដំណើរ ទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតថៃ-ចិន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង នេះនឹងជាព្រះរាជ្យទស្សនកិច្ច លើកដំបូងរបស់ព្រះមហាក្សត្រថៃ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលប្រាំថ្ងៃ ព្រះមហាក្សត្រថៃ នឹងចូលរួមក្នុងពិធីជាផ្លូវការ ជាបន្តបន្ទាប់ ដោយចាប់ផ្តើម ជាមួយនឹងពិធីស្វាគមន៍ជាផ្លូវការ នៅសាលប្រជុំប្រជាជន ជាកន្លែងដែល នឹងជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង និងភរិយា៕
ប្រែសម្រួល: ណៃ តុលា
