ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីនបញ្ជាក់ថា កម្លាំងអន្តរជាតិនៅតំបន់ហ្គាហ្សា​ មិនត្រូវជំនួសកម្លាំងប៉ាឡេស្ទីននោះទេ

រ៉ាម៉ាឡា៖​ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់បានឧ្យដឹងថា កម្លាំងអន្តរជាតិណាមួយដែលគ្រោងនឹងដាក់ពង្រាយនៅតំបន់ហ្គាហ្សាមិនគួរបម្រើជាការជំនួសកម្លាំងសន្តិសុខប៉ាឡេស្ទីននោះទេ។

លោក Azzam al-Ahmed សមាជិកគណៈកម្មាធិការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា “ជំហររបស់ប៉ាឡេស្ទីនគឺច្បាស់លាស់។ កម្លាំងអន្តរជាតិណាមួយគួរតែត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសម្របសម្រួលជាមួយអាជ្ញាធរប៉ាឡេស្ទីន ជាជាងការជំនួស ឬទទួលយកតួនាទីរបស់កម្លាំងសន្តិសុខប៉ាឡេស្ទីន”។

លោកបានលេីកឡេីងថា ការយោគយល់គ្នាថ្មីៗដែលបានឈានដល់ជាមួយហាម៉ាសបានចែងថា គណៈកម្មាធិការរដ្ឋបាល​ ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា “នឹងត្រូវភ្ជាប់ជាមួយរដ្ឋាភិបាលប៉ាឡេស្ទីន និងដឹកនាំដោយរដ្ឋមន្ត្រីម្នាក់របស់ខ្លួន”។

លោក Al-Ahmad បានបន្ថែមថា មាន ការឯកភាពគ្នាយ៉ាងច្បាស់លាស់របស់អារ៉ាប់លើភាពចាំបាច់នៃការរក្សាកម្លាំងសន្តិសុខប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

លោកក៏បានឧ្យដឹងផងដែរថា ការបណ្តុះបណ្តាលបុគ្គលិកសន្តិសុខប៉ាឡេស្ទីន​ កំពុងបន្តទាំងនៅក្នុងប្រទេសហ្ស៊កដានី និងអេហ្ស៊ីប «ដើម្បីរៀបចំពួកគេឱ្យទទួលខុសត្រូវនៅក្នុងតំបន់នោះ» ដោយកត់សម្គាល់ថា «បុគ្គលិករាប់រយនាក់កំពុងទទួលការបណ្តុះបណ្តាលជំនាញ»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top