ព័ត៌មានអន្តរជាតិ

ប្រទេសជាច្រើន ហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការនាំចេញសារធាតុផ្សំ ដែលមានផ្ទុកបារតនៅទូទាំងពិភពលោក នៅឆ្នាំ២០៣៤

បរទេស៖ ប្រទេសដែលកំពុងពិភាក្សាអំពីបទប្បញ្ញត្តិបារតដ៏តឹងរ៉ឹងជាងមុន បានសម្រេចនៅថ្ងៃសុក្រនេះ ដើម្បីហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការនាំចេញសារធាតុផ្សំដែលមានផ្ទុកបារតនៅទូទាំងពិភពលោក នៅឆ្នាំ២០៣៤។

ការសម្រេចចិត្តនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំមួយស្តីពីអនុសញ្ញាមីណាម៉ាតា ស្តីពីសារធាត្បារត ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវក្នុងសប្តាហ៍នេះ។ កតិកាសញ្ញានេះត្រូវបានដាក់ឈ្មោះតាមទីក្រុងមាត់សមុទ្រមួយនៅភាគនិរតីនៃប្រទេសជប៉ុន ជាកន្លែងដែលមនុស្សជាច្រើនត្រូវបានបំពុលដោយបារតក្នុងទសវត្សរ៍ឆ្នាំ១៩៥០។

ប្រទេសជប៉ុន ដែលបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់មនុស្សនៅពេលនោះ ដោយសារតែអ្វីដែលខ្លួនហៅថាជំងឺមីណាម៉ាតា បានកាត់បន្ថយការប្រើប្រាស់សារធាតុផ្សំដែលមានបារតរួចហើយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលជំរុញដោយការព្រួយបារម្ភអំពីសុខភាពសាធារណៈ។

លោក Osvaldo Alvarez ប្រធានសន្និសីទនៃប្រទេសឈីលី បានឲ្យដឹងនៅពេលដែលលោកបានប្រកាសពីការឯកភាពគ្នាក្នុងចំណោមអ្នកចូលរួមថា “នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់អនុសញ្ញា”។

ខណៈពេលដែលប្រទេសដូចជាសហរដ្ឋអាមេរិក និងរដ្ឋអាហ្វ្រិកជាច្រើនបានជំរុញឱ្យមានកាលបរិច្ឆេទបញ្ចប់ដំណាក់កាលមុននៃឆ្នាំ២០៣០ ការតស៊ូពីចក្រភពអង់គ្លេស ឥណ្ឌា និងអ៊ីរ៉ង់ ក្នុងចំណោមប្រទេសដទៃទៀត បានជំរុញវាដល់ឆ្នាំ២០៣៤។

អ្នកដែលគាំទ្ររយៈពេលវែងជាងនេះបានចង្អុលបង្ហាញពីតម្រូវការក្នុងការពិចារណាលើតម្លៃ និងភាពធន់នៃជម្រើសជំនួសសារធាតុផ្សំដែលមានផ្ទុកបារត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top