ព័ត៌មានអន្តរជាតិ

លោក Ding Xuexiang អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ Belém

នៅថ្ងៃទី ៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Ding Xuexiang តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ Belém នៃមហាសន្និបាតលើកទី ៣០ នៃភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ»។

លោក Ding Xuexiang បានថ្លែងថា បច្ចុប្បន្ន មនុស្សជាតិកំពុងស្ថិតនៅលើផ្លូវបំបែកថ្មីមួយ ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវពហុភាគីនិយមយ៉ាងពិតប្រាកដ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញអភិបាលកិច្ចអាកាសធាតុសកលឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពជាយូរអង្វែង ។

លោកបានលើកឡើងសំណើ ៣ ចំណុច ៖ ទីមួយ ក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ ពង្រឹងការកសាងទំនុកចិត្ត គ្រោងផែនការឱ្យបានល្អដើម្បីសម្រេចគោលដៅនានាដូចជាការការពារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតឱកាសការងារ និងការលុបបំបាត់ភាពក្រីក្រជាដើម ដើម្បីជំរុញការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងអភិបាលកិច្ចអាកាសធាតុ ក្នុងន័យជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងអស់។ ទីពីរ អនុវត្តសកម្មភាពអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ស្ដីពីទំនួលខុសត្រូវរួម ប៉ុន្តែមានកាតព្វកិច្ចផ្សេងៗ ដោយផ្អែកតាមលទ្ធភាពរៀងៗខ្លួន។ ទីបី ធ្វើឱ្យស៊ីជម្រៅនូវភាពបើកទូលាយនិងកិច្ចសហប្រតិបត្តិការ បង្កបរិយាកាសសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដ៏ល្អប្រសើរ ពង្រឹងកិច្ចសហការនិងសម្របសម្រួលអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យានិងឧស្សាហកម្មបៃតង ដើម្បីធានាសេរីភាពនៃចរាចរណ៍ផលិតផលបៃតងដែលមានគុណភាពខ្ពស់ និងបំពេញតាមតម្រូវការនៃការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់សកលលោកឱ្យបានកាន់តែល្អប្រសើរ ។

To Top