នាយករដ្ឋមន្ត្រីជប៉ុន៖ ការប្រកាសអាសន្ននៅតៃវ៉ាន់ អាចជាការគំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ប្រទេសជប៉ុន
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានថា ភាពអាសន្ននៅតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធាអាចបង្កើតជា “ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ក្រោមច្បាប់សន្តិសុខរបស់ប្រទេស។
ការកត់សម្គាល់របស់លោកស្រីបានបង្ហាញថា ប្រទេសជប៉ុន អាចអនុវត្តសិទ្ធិការពារខ្លួនរួមគ្នា ប្រសិនបើស្ថានភាពបែបនេះត្រូវបានទទួលស្គាល់ថាជា “ការគំរាមកំហែងដល់ការរស់រានមានជីវិត” សូម្បីតែក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្គ្រាមរបស់ប្រទេសក៏ដោយ ក្នុងចលនាមួយដែលនឹងញុះញង់ប្រទេសចិន ដែលអះអាងថាកោះគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួន។
ជាក់ស្តែង លោកស្រីបានទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោកស្រីអាច អាស្រ័យលើកាលៈទេសៈ អនុញ្ញាតឱ្យកងកម្លាំងការពារខ្លួនចាត់វិធានការ ប្រសិនបើប្រទេសចិន ដាក់ការបិទផ្លូវសមុទ្រលើតៃវ៉ាន់ ឬចូលរួមក្នុងវិធានការបង្ខិតបង្ខំផ្សេងទៀត ទោះបីជាជប៉ុនមិនត្រូវបានវាយប្រហារដោយផ្ទាល់ក៏ដោយ។
លោកស្រី Takaichi ដែលចូលកាន់តំណែងនៅថ្ងៃទី ២១ ខែតុលា ត្រូវបានគេស្គាល់ថាជាអ្នកតាក់តែងច្បាប់គាំទ្រតៃវ៉ាន់។ លោកស្រីក៏ត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងរបស់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលត្រូវបានគេធ្វើឃាត ដែលទស្សនៈយោធានិយមរបស់គាត់លើសន្តិសុខជាតិបានជះឥទ្ធិពលដល់ជំហរជាតិនិយមរបស់លោក។
លោកស្រី Takaichi បានថ្លែងនៅក្នុងសម័យប្រជុំសភាកាលពីថ្ងៃសុក្រថា “ស្ថានភាពទាក់ទងនឹងតៃវ៉ាន់ បានក្លាយជាស្ថានភាពធ្ងន់ធ្ងរ។ យើងត្រូវតែសន្មត់ថា ជាសេណារីយ៉ូដ៏អាក្រក់បំផុត”។
នៅឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រីលោក Taro Aso បានឲ្យដឹងថា ប្រទេសជប៉ុន “នឹងត្រូវការពារតៃវ៉ាន់” ជាមួយសហរដ្ឋអាមេរិក ប្រសិនបើកោះនេះត្រូវបានឈ្លានពានដោយចិនដីគោក ដែលបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ តៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងអាណានិគមរបស់ជប៉ុនអស់រយៈពេល ៥០ ឆ្នាំរហូតដល់ឆ្នាំ១៩៤៥៕
ប្រែសម្រួល ឈូក បូរ៉ា
