លោក ហួត ហាក់ ស្នើឯកអគ្គរាជទូតកម្ពុជាប្រចាំអង់គ្លេស ចូលរួមទប់ស្តាត់ព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស ចូលរួមសហការទប់ស្តាត់ រាល់ព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យទេសចរណ៍កម្ពុជា ។

នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស ព្រមទាំងសហការី នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ និងសម្តេចធិបតី ដល់លោកស្រី ឯកអគ្គរាជទូត និងសហការីទាំងអស់។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានស្នើស្ថានទូតជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តវិនិយោគ ដល់ប្រជាជនអង់គ្លេស និងបណ្តាប្រទេសដែលស្ថិត នៅក្រោមការចាត់ចែងរបស់ស្ថានទូតទាំងអស់ ជាពិសេសការផ្តល់បដិសណ្ឋារកិច្ចរាក់ទាក់ និងកក់ក្តៅប្រកបដោយស្នាមញញឹម។


លោករដ្ឋមន្ត្រី ក៏បានស្នើស្ថានទូត ចូលរួម សហការទប់ស្តាត់រាល់ព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល
