ចិន បញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងកិច្ចការអន្តរជាតិ
ប្រេស៊ីល៖ ឧបនាយករដ្ឋមន្ត្រីចិន លោក ឌីង សៀវសៀង បានឲ្យដឹងថា មិនថាទេសភាពអន្តរជាតិវិវត្តយ៉ាងណានោះទេ ចិននឹងប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ បន្តគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរស្នូល និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងកិច្ចការអន្តរជាតិ។
លោកក្នុងនាមជាតំណាងពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅខាងក្រៅកិច្ចប្រជុំកំពូលអាកាសធាតុបេឡឹម។
លោកបានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ហើយកិច្ចសហប្រតិបត្តិការរវាងចិន និងអង្គការសហប្រជាជាតិត្រូវបានពង្រឹងបន្ថែមទៀត។
លោកបានបន្ដថា ចិននឹងលើកកម្ពស់ការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា និងចូលរួមចំណែកកាន់តែច្រើនដល់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍពិភពលោក។
លោកបានបន្ថែមថា ប្រទេសចិនប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលមានគុណភាពខ្ពស់ បៃតង និងកាបូនទាប ដោយកត់សម្គាល់ថា តាមរយៈវិធានការជាក់ស្តែង ប្រទេសចិនបានកែលម្អការអភិវឌ្ឍបៃតងរបស់ខ្លួនជាបន្តបន្ទាប់ ខណៈពេលដែលផ្តល់ផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ កាបូនទាបដល់ប្រទេសដទៃទៀត ដោយហេតុនេះគាំទ្រដល់ការផ្លាស់ប្តូរបៃតងសកល៕
ប្រែសម្រួល ឈូក បូរ៉ា
