រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
កំពង់ធំ៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រះសង្ឃ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ អភិបាលក្រុង/ស្រុកទាំង៩ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញប្រារព្ធខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា ប្រទេសកម្ពុជាតែងប្រារព្ធបុណ្យឯករាជ្យជាតិ នៅទីតាំងនិមិត្តរូបនៃការដណ្ដើមបានឯករាជ្យ គឺនៅបរិវេណវិមានឯករាជ្យ មិនខុសពីបណ្ដាឆ្នាំមុនៗ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោក នួន ផារ័ត្ន បានលើកឡើងថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) ហើយស្របជាមួយនឹងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ផងដែរថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕





ដោយ៖ សំនៀង
