ឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី ដឹកនាំគណៈស្នងការ និងកម្លាំងនគរបាលខេត្តចូលរួម ពិធី ខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ និងកម្លាំងនគរបាល ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍ លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៥) ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងនគរបាលខេត្តពោធិ៍សាត់ បានចូលរួមយ៉ាងផុសផុល រួមជាមួយកងកម្លាំងប្រដាប់ មន្ត្រីរាជការស៊ីវិល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងពិធីអបអរសាទរ ដែលប្រព្រឹត្តទៅនៅឯ បុរីវប្បធម៌ កោះសំពៅមាស ដើម្បីអបអរសាទរទិវាដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង។

ការចូលរួមរបស់កងកម្លាំងនគរបាលខេត្តពោធិ៍សាត់ គឺដើម្បីជាការបង្ហាញនូវ ការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ដែលបានទាមទារឯករាជ្យជូនជាតិ និងជាការរំលឹកនូវគុណូបការៈរបស់បណ្តាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានរួមចំណែកតស៊ូដើម្បីសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល និងសូមប្តេជ្ញាចិត្តបន្តថែរក្សា និងពូនជ្រំឯករាជ្យ សន្តិភាព ឲ្យកាន់តែយូរអង្វែងរុងរឿង ។ កងកម្លាំងនគរបាលខេត្តពោធិ៍សាត់ នឹងរួបរួមសាមគ្គីភាព ប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្រោមម្លប់នៃ ឯករាជ្យជាតិ ៕



ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល
