សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីប្លន់លើស្ត្រីជនជាតិវៀតណាម និងចាប់ខ្លួនជនសង្ស័យ ៥នាក់និង ៧ អ្នកផ្សេងទៀតក្នុងករណីមុខសញ្ញាចែកចាយគ្រឿងញៀន
ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យកម្លាំងស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ បន្ទាប់ពីទទួលបានព័ត៌មានករណីប្លន់មានស្ថានទម្ងន់ទោសលើ ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ ផាម ធីង្វៀង កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រុងស្ទឹងត្រែង។

ប្រតិបត្តិក្នុងការបង្ក្រាបករណីខាងលើនេះ ដឹកនាំដោយ និងបញ្ជាដោយផ្ទាល់ ពីរលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានប្រើប្រាស់ពេល ១២ម៉ោង ក្នុងការស្រាវជ្រាវ និងបង្ក្រាបបានទាំងស្រុង។

ជនសង្ស័យ ជាក្រុមស្ទាវមានគ្នា ៥នាក់ ដែលមានអាយុចន្លោះពី ១៤ ទៅ ១៦ឆ្នាំ ត្រូវបានឃាត់ខ្លួន។ជនសង្ស័យបានត្រូវសកម្មភាព ប្លន់លើ ស្ត្រីរងគ្រោះឈ្មោះ ផាម ធីង្វៀង ត្រូវបានក្រុមក្មេងស្ទាវជិះម៉ូតូតាម និង ធាក់ឲ្យដួលផ្កាប់មុខលើថ្នល់ នៅចំណុចផ្លូវបំបែកសាលាបឋមសិក្សាស្ទឹងត្រែងក្រុង។ ក្រុមចោរបានឆក់យក កាបូបលុយ ដែលមាន លុយ ៤លានរៀល, ខ្សែដៃផ្លាកទីន ១ខ្សែ (ជាង ២លានរៀល), ចិញ្ចៀនផ្លាកទីន ១វង់ (៨៥ម៉ឺនរៀល), សោ និង ទូរស័ព្ទ iPhone ១៣ Pro Max ១គ្រឿង។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលខេត្តក៏បាន បំបែកសំណុំរឿង ១ករាណីផ្សេងទៀត ដោយឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ៧នាក់ ថែមទៀត។បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ក្នុងអំពើប្លន់ រួមទាំងវត្ថុតាង ព្រមទាំងជនសង្ស័យគ្រឿងញៀន ៧នាក់ កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកអភិបាលខេត្ត សរ សុពុត្រា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងប្រតិបត្តិការទាំងអស់ ចំពោះការខិតខំប្រឹងប្រែងដើម្បីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របស់ខេត្ត៕
