ក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា-ថៃ បន្តពិភាក្សាលម្អិត អំពីតំបន់សាកល្បងអាទិភាព
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១០:៣០នាទី ក្រុមការងារនៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលម្អិត អំពីតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ។

លោកស្រីបន្តថា កិច្ចប្រជុំរវាងភាគីទាំងពីរនេះ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
កិច្ចប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែល ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។
គួរបញ្ជាក់ផងដែរថា ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក៕
