ព័ត៌មានជាតិ

លោក នូវ តាល់ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ ដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់

​ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារ នគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះធ្វើការផ្សព្វផ្សាយអប់រំអំពី ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ យ៉ាងទូលំទូលាយ ជូនដល់លោកគ្រូ អ្នកគ្រូ និងជាពិសេសគឺ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់។

​យុទ្ធនាការអប់រំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ជំរុញការយល់ដឹង និងពញ្ញាក់ស្មារតីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ អំពី បទប្បញ្ញត្តិ និងកាតព្វកិច្ចក្នុងការចូលរួម គោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ មុនពេល និងអំឡុងពេលធ្វើដំណើរ។

ខ្លឹមសារសំខាន់ៗនៃការផ្សព្វផ្សាយ រួមមាន​ការណែនាំអំពី ការពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ សម្រាប់យានយន្តគ្រប់ប្រភេទ ជាពិសេសម៉ូតូ។ ការពន្យល់អំពី សញ្ញាចរាចរណ៍ ផ្សេងៗ និងសារៈសំខាន់នៃការគោរពតាមសញ្ញាទាំងនោះ។

​ការណែនាំឲ្យចេះ ប្រើប្រាស់ផ្លូវ ប្រកបដោយការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ការលើកឡើងពី ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

​ការណែនាំឲ្យចៀសវាង ពីការបើកបរក្នុងល្បឿនលឿន និងការបើកបរពេលមាន ជាតិអាល់កុល នៅក្នុងខ្លួន និងផ្សព្វផ្សាយអំពី គ្រោះថ្នាក់ និងគុណវិបត្តិ ដែលបណ្តាលមកពី សារធាតុញៀន ។
​លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានសង្កត់ធ្ងន់ថា សិស្សានុសិស្សគឺជា ទំពាំងស្នងឫស្សី ហើយការយល់ដឹង និងការចូលរួមគោរពច្បាប់ចរាចរណ៍ចាប់តាំងពីពេលឥឡូវនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងកង្វះការយល់ដឹង។

អត្ថបទនេះ÷ ស្នងការខេត្តពោធិ៍សាត់|ខេម៉ា|ដើមអម្ពិល

To Top