ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ថា កងទ័ពតួកគី នឹងមិនជាផ្នែកមួយនៃកម្លាំងស្ថិរភាពអន្តរជាតិ នៅតំបន់ហ្គាហ្សានោះទេ

យេរូសាឡឹម៖ អ៊ីស្រាអែល បានបញ្ជាក់្យដឹងកាលពីថ្ងៃអាទិត្យថា កងទ័ពតួកគី នឹងមិនជាផ្នែកមួយនៃកម្លាំងពហុជាតិសាសន៍ ដែលបានគ្រោងទុក ដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សានៅពេលដែលកងកម្លាំងអ៊ីស្រាអែល ដកថយនោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលលោក Shosh Bedrosian បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “នឹងមិនមានកងទ័ពតួក គីនៅលើដីនៃតំបន់ហ្គាហ្សានោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល និងហាម៉ាស់ អំពាវនាវឱ្យមានកម្លាំងស្ថិរភាពអន្តរជាតិបណ្តោះអាសន្នមួយ ដើម្បីទទួលយកសន្តិសុខនៅហ្គាហ្សាបន្តិចម្តងៗពីកងទ័ពអ៊ីស្រាអែល។ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយអេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម កាតា ឥណ្ឌូនេស៊ី តួកគី និងអាស៊ែបៃហ្សង់ ដើម្បីចូលរួមចំណែកដល់កងកម្លាំងនេះ។

នៅថ្ងៃសុក្រ ការិយាល័យព្រះរាជអាជ្ញាសាធារណៈតួកគីនៅទីក្រុងអ៊ីស្តង់ប៊ុល បានចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែលចំនួន ៣៧ នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីបទ “ប្រល័យពូជសាសន៍” និង “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ”។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានថ្កោលទោសដីកាចាប់ខ្លួនទាំងនោះ ដោយហៅវាថាជា “ល្បិចទំនាក់ទំនងសាធារណៈ” ដោយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan៕

ប្រែសម្រួល ឈូក បូរ៉ា

To Top