ព័ត៌មានជាតិ

លោក ជា ធីរិទ្ធ ៖ តុលាការថៃចេញដីកា ចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត គឺជាល្បែង នយោបាយប្រជាភិថុតិ

ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា តុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃដែលបានចេញដីកាចាប់ខ្លួនលោកឧកញ៉ា លី យ៉ុងផាត សមាជិកព្រឹទ្ធសភាគឺជាល្បែង នយោបាយប្រជាភិថុតិតែប៉ុណ្ណោះ ។

ការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជានេះ បន្ទាប់ពីតុលាការថៃបានចេញដីកាឲ្យចាប់ខ្លួនលោកឧកញ៉ា លី យ៉ុងផាត ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត មាននៅប្រទេសថៃ ថែមទៀត ក្រោមបទចោទប្រកាន់ជាច្រើនករណី ។

លោក ជា ធីរិទ្ធបានឲ្យដឹងនៅថ្ងៃទី១០ វិច្ឆិកា ថា ចំពោះការចេញដីកានេះ គឺជាល្បែងនយោបាយប្រជាភិថុតិ របស់ភាគីម្ខាងទៀត ក្នុងគោលដៅដើម្បីបន្តុះបង្អាប់ និងបង្ខូចកិត្តិយស របស់កម្ពុជាតែប៉ុណ្ណោះ ។

លោកសង្កត់ធ្ងន់ថា “ឯកឧត្តម លី យ៉ុងផាត គឺជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា ហើយមានអភ័យឯកសិទ្ធិ ។ លោកជាពលរដ្ឋខ្មែរ អីចឹងទទួលបានការពារ ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានចែងយ៉ាងច្បាស់ គឺមិនអនុញ្ញាតឲ្យបញ្ជូនពលរដ្ឋខ្មែរ ទៅឲ្យប្រទេសណាមួយនោះទេ ។ ដូច្នេះការចេញដីកា ចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត របស់តុលាការថៃ គឺជាការស្រមើលស្រម៉ៃ ជាល្បែងនយោបាយប្រជាភិថុតិ ក្នុងគោលដៅតែមួយគត់គឺ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា” ។
ជាមួយនឹងការចេញដីកាចាប់ខ្លួន សមាជិកព្រឹទ្ធសភាកម្ពុជានេះ អ្នកនាំពាក្យព្រឹទ្ធសភា បានផ្ញើសារផ្តាំទៅប្រជាពលរដ្ឋថា កុំជ្រួលជ្រើម និងចាប់អារម្មណ៍ ព្រោះគ្មានផ្តល់ផលចំណេញអ្វីនោះទេ ៕

To Top