ទឹកជំនន់នៅខេត្តអយុធ្យា ប្រទេសថៃ កាន់តែអាក្រក់ទៅៗ ខណៈអ្នកស្លាប់មាន ១៤នាក់
បរទេស: ទឹកជំនន់នៅក្រុងអយុធ្យា ប្រទេសថៃ កាន់តែអាក្រក់ទៅៗ ដោយសារការហូរច្រោះទំនប់កើនឡើង ចំណែក គ្រួសារជិត ៦០.០០០ គ្រួសាររងផលប៉ះពាល់ និង ១៤ នាក់ស្លាប់។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ការកើនឡើងនៃការបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ាបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងខេត្តអយុធ្យា ដោយប្រឡាយទឹកប្រវត្តិសាស្ត្របានហៀរចេញ និងជន់លិចតំបន់លំនៅដ្ឋានប្រជាជន។
នាយកដ្ឋានធារាសាស្ត្រថៃ បានបង្កើនអត្រាបញ្ចេញទឹកដល់ ២.៨០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលបណ្តាលឱ្យកម្រិតទឹកប្រឡាយហៀរច្រាំង និងជន់លិចផ្ទះរាប់រយខ្នងតាមបណ្តោយផ្លូវទឹក។ នៅថ្ងៃទី ១០ ខែវិច្ឆិកា ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារទឹកបន្តកើនឡើង ជាពិសេសនៅជុំវិញប្រឡាយទឹកក្រុង។
ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិរាយការណ៍ថា គ្រួសារចំនួន ៥៨.៤៧៧ គ្រួសារនៅទូទាំង ១១ ស្រុក អនុស្រុកចំនួន ១៤៣ និង ៩៤៥ ភូមិបានរងផលប៉ះពាល់។ មនុស្ស ១៤ នាក់បានស្លាប់នៅក្នុងទឹកជំនន់។
ប្រែសម្រួល ណៃ តុលា
