ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា ខកចិត្តចំពោះស៊ុយអែត បានលក់យន្តហោះចម្បាំង ប្រភេទ Gripen ឱ្យថៃ អំឡុងពេលមាន ជម្លោះជាមួយកម្ពុជា

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងការខកចិត្ត ចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូ ក្នុងការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះចម្បាំងប្រភេទ Gripen ឱ្យថៃ អំឡុងពេលមានជម្លោះ ជាមួយនឹងកម្ពុជា ។

នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ.ស.ម.ក. ជាមួយ លោក Rory Mungoven ប្រធានការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ (OHCHR)។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងពីការជំរុញ ការដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្នុងការឃុំឃាំង របស់កងទ័ពថៃ ការជំរុញការហាមឃាត់ ការប្រើប្រាស់សព្វាវុធខុសច្បាប់ អន្តរជាតិក្នុង ពេលមានជម្លោះ និងការប៉ះទង្គិចគ្នារវាងប្រទេស កម្ពុជានិងប្រទេសថៃ។

ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងការខកចិត្ត ចំពោះប្រទេសស៊ុយអែត ដែលជាប្រទេសគម្រូក្នុង ការការពារសិទ្ធិមនុស្ស ដោយបានលក់យន្តហោះ ចម្បាំងប្រភេទ Gripen ឱ្យប្រទេសថៃ អំឡុងពេលមានជម្លោះ ជាមួយនឹងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ របស់សិទ្ធិមនុស្ស ក្នុងការពារសណ្តាប់ធ្នាប់អន្តរជាតិ និងបានស្នើ លោក Rory Mungoven ចំពោះការធ្វើរបាយការណ៍ សិទ្ធិមនុស្សអំពីប្រទេសកម្ពុជា សូមឱ្យឆ្លុះបញ្ចាំងពី ការពិតជាក់ស្តែង ។

ក្នុងកិច្ចជំនួបនេះ លោក Rory Mungoven បានកោតសរសើរពី កិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការបង្ហាញពីសារៈសំខាន់នៃ សិទ្ធិមនុស្សក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ និងការលើកកម្ពស់ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

លោក Rory Mungoven ក៏បានអរគុណចំពោះគ្រប់ញត្តិដ៏មានសារៈសំខាន់របស់ គ.ស.ម.ក. ដែលបានដាក់ ទៅ លោកឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ។ លោក បានបញ្ជាក់ថា លោកឧត្តមស្នងការ សិទ្ធិមនុស្ស បានយកចិត្តទុកដាក់ខ្ពស់ចំពោះញត្តិទាំងនោះ និងបានតាមដានលើការអនុវត្តសេចក្តីថ្លែង ការណ៍រួមរវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសម្រេចបានដំណោះស្រាយសន្តិភាព ។

ចំពោះសំណើ ទាំងពីររបស់លោកទេសរដ្ឋមន្ត្រី លោកនឹងជំរុញកិច្ចការនេះបន្ថែម និងពាំនាំជូន ឯកឧត្តមឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស។ ទន្ទឹមនេះ លោក Rory Mungoven បានសាកសួរពីវឌ្ឍនភាពនៃសេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ផងដែរ៕

To Top