ព័ត៌មានជាតិ

ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិ លើកទី៥ នៅថ្ងៃទី២៦ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

វេទិកានេះ នឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន អង្គទូត ស្ថានទូតនានា អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ-អន្តរជាតិ បណ្តាញអ្នកស្រលាញ់កេសរកូល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

វេទិកាកេសរកូលជាតិលើកទី៥ រៀបចំឡើងដោយមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃកេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បី ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និង រុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ។

ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះនៅក្នុង ប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើក កម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើសសរស្ដម្ភ ចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ វេទិកាកេសរកូលជាតិឆ្នាំនេះ នឹងតម្រូវឱ្យមានការប្រកួតគំនូរកេសរកូលផងដែរ៕

To Top