អតីតប្រធានាធិបតីបារាំង Sarkozy ត្រូវបានដោះលែងពីពន្ធនាគារក្រោមការត្រួតពិនិត្យរបស់តុលាការ
ប៉ារីស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ត្រូវបានដោះលែងពីពន្ធនាគារនៅទីក្រុងប៉ារីស បន្ទាប់ពីចំណាយពេលប្រហែល ២០ថ្ងៃក្នុងការឃុំខ្លួន បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការឧទ្ធរណ៍ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដែលបានបញ្ជាឱ្យដោះលែងរូបលោកក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់តុលាការ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកត្រូវបានគេឃើញកំពុងចាកចេញពីពន្ធនាគារ។ នៅថ្ងៃទី២៥ ខែកញ្ញា តុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស បានកាត់ទោសលោក Sarkozy ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទឃុបឃិតព្រហ្មទណ្ឌទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានដល់លីប៊ី សម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០០៧ របស់លោក។ ទោះបីជាលោកបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមក៏ដោយ ចៅក្រមបានបញ្ជាឱ្យការកាត់ទោសនេះចូលជាធរមានភ្លាមៗ ដោយលើកឡើងពី “ភាពធ្ងន់ធ្ងរពិសេស” នៃបទល្មើសរបស់លោក។
លោក Sarkozy ត្រូវបានជាប់ពន្ធនាគារនៅថ្ងៃទី២១ ខែតុលា ដោយក្លាយជាអតីតប្រធានាធិបតីបារាំងដំបូងគេក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលបានជាប់ពន្ធនាគារ។ មេធាវីរបស់លោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ភ្លាមៗ ហើយបានស្នើសុំឱ្យមានការដោះលែងលោក។ ក្នុងអំឡុងពេលសវនាការនៅព្រឹកថ្ងៃចន្ទ អតីតប្រមុខរដ្ឋបានបង្ហាញខ្លួនតាមរយៈសន្និសីទវីដេអូពីបន្ទប់របស់លោក។ លោកបានពិពណ៌នាអំពីការឃុំខ្លួនរបស់លោកថា “ពិបាកណាស់ ពិតណាស់ សម្រាប់អ្នកទោសណាម្នាក់”។
តុលាការឧទ្ធរណ៍បានសម្រេចថា ការបន្តឃុំខ្លួនលោកលែងជាមធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់ហានិភ័យ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដូចជាការដាក់សម្ពាធលើសាក្សី ការឃុបឃិតគ្នា ហានិភ័យនៃការរត់គេចខ្លួន ឬការប្រព្រឹត្តបទល្មើសឡើងវិញ។ ដូច្នេះ តុលាការបានបញ្ជាឲ្យដោះលែងលោក ដោយស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់តុលាការ រួមទាំងការហាមឃាត់មិនឲ្យចាកចេញពីទឹកដីបារាំង។ លើសពីនេះ តុលាការបានដាក់កំហិតទំនាក់ទំនងបន្ថែម ដោយកត់សម្គាល់ពី «សមត្ថភាពរបស់លោកក្នុងការជះឥទ្ធិពលលើក្រសួងរដ្ឋាភិបាលផ្សេងៗ» ក្នុងនាមជាអតីតប្រធានាធិបតី៕
ប្រែសម្រួល ឈូក បូរ៉ា
