បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកចាំបាច់ ត្រូវតែឈប់ដាក់សម្ពាធ ដោយគ្មានហេតុផល លើក្រុមហ៊ុនចិន នានា ដូចជាក្រុមហ៊ុន Huawei ជាដើម ហើយរដ្ឋាភិបាលចិន បានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការសងសឹកវិញចំពោះទីក្រុងវ៉ាស៊ីនតោន។
រដ្ឋបាលលោក ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបន្តធ្វើការបិទមិនឲ្យ ផ្គត់ផ្គង់បន្ទះឈីបជាសកល ឲ្យដល់ក្រុមហ៊ុនចិន Huawei បង្កឲ្យមានការភ័យខ្លាច ចំពោះការសងសឹករបស់ចិន និងធ្វើឲ្យប៉ះពាល់ ដល់ភាគហ៊ុន របស់ក្រុមហ៊ុនផលិត បន្ទះឈីប សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយឆ្លើយតបទៅនឹងសំនួរ របស់សារព័ត៌មានថា តើទីក្រុងប៉េកាំង នឹងចាត់វិធានការសងសឹកវិញ ចំពោះសហរដ្ឋអាមេរិក ឬក៏យ៉ាងណានោះ ក្រសួងការបរទេសចិន បាននិយាយប្រាប់ថា ប្រទេសចិន នឹងធ្វើកិច្ចការពារ យ៉ាងខ្លាំងក្លា ចំពោះសិទ្ធិស្របច្បាប់ របស់ក្រុមហ៊ុន៕
ប្រែសម្រួល៖ប៉ាង កុង