FSB របស់រុស្ស៊ីថា ចារកម្មអ៊ុយក្រែន និងអង់គ្លេស ព្យាយាមសូកអ្នក បើកយន្តហោះរុស្ស៊ីតម្លៃ ៣លានដុល្លារ ឱ្យលួចយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីលល្បឿនលឿន Kinzhal
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារថា សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) បាននិយាយថា ខ្លួនបានការពារប្រឆាំងនឹងផែនការដោយចារកម្ម របស់អ៊ុយក្រែន និងអង់គ្លេស ដើម្បីល្បួងអ្នកបើកយន្តហោះរុស្ស៊ីឱ្យលួចយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីលល្បឿនលឿន Kinzhal ក្នុងតម្លៃ ៣ លានដុល្លារ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់ប្រភពពីសេវាសន្តិសុខ សហព័ន្ធរបស់រុស្ស៊ីដែលនិយាយថា យន្តហោះដែលប្លន់បានត្រូវហោះហើរ ឆ្ពោះទៅមូលដ្ឋានទ័ពអាកាសណាតូ ក្នុងទីក្រុង Constanta នៃប្រទេសរ៉ូម៉ានី ជាកន្លែងដែលយន្តហោះ គឺអាចត្រូវបានគេបាញ់ ទម្លាក់ដោយប្រព័ន្ធការពារអាកាស។
FSB ដែលជាអ្នកស្នងតំណែងសំខាន់របស់ KGB សម័យសូវៀតបាននិយាយថា អ៊ុយក្រែន និងអង់គ្លេសបានរៀបចំផែនការ “បង្កហេតុ” ទ្រង់ទ្រាយធំដោយប្រើយន្តហោះប្លន់ ហើយថា ចារកម្មយោធាអ៊ុយក្រែនបានស្វែងរកជ្រើសរើសអ្នកបើកយន្តហោះរុស្ស៊ីក្នុងតម្លៃ ៣ លានដុល្លារដើម្បីលួចយន្តហោះចម្បាំងនេះ។
ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានបង្ហាញរូបភាពនៃសារ និងការថតសំឡេងរបស់បុរសម្នាក់ ដែលពួកគេបាននិយាយថា កំពុងធ្វើការឱ្យចារកម្មអ៊ុយក្រែន និងអង់គ្លេស ហើយបានផ្តល់ប្រាក់ចំនួន ៣ លានដុល្លារដល់អាកាសយានិករុស្ស៊ី ដើម្បីបើកយន្តហោះ MiG ទៅកាន់អឺរ៉ុប ហើយអ្នកបើកយន្តហោះ ក៏ត្រូវបានផ្តល់សញ្ជាតិផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
