ចិន គូសបញ្ជាក់ថា ការផ្អាករបស់អាមេរិក លើច្បាប់ស្តីពីភាពជាម្ចាស់កម្មសិទ្ធិ ៥០ ភាគរយ គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តការឯកភាពគ្នានៅទីក្រុងគូឡាឡាំពួរ
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ខ្លួនបានកត់សម្គាល់ពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការផ្អាករយៈពេលមួយឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី ១០ ខែវិច្ឆិកា លើបទប្បញ្ញត្តិដែលពង្រីកការរឹតបន្តឹងការគ្រប់គ្រងការនាំចេញដល់អង្គភាពណាមួយ ដែលកាន់កាប់ ៥០ ភាគរយ ឬច្រើនជាងនេះដោយភាគីនានានៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នេះគឺជាជំហានដ៏សំខាន់មួយដែលភាគីសហរដ្ឋអាមេរិកបានអនុវត្តក្នុងការអនុវត្តការឯកភាពគ្នានៃកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកនៅទីក្រុងគូឡាឡាំពួរ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសទាំងពីរនឹងបន្តការពិភាក្សាលើការរៀបចំបន្ទាប់ពីការផ្អាករយៈពេលមួយឆ្នាំនៃអ្វីដែលហៅថាច្បាប់ស្តីពីភាពជាម្ចាស់កម្មសិទ្ធិ ៥០ ភាគរយ។
អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការសន្ទនា និងការទំនាក់ទំនងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ដោយស្មើភាពគ្នា គ្រប់គ្រងភាពខុសគ្នារបស់ពួកគេឱ្យបានត្រឹមត្រូវ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល៕
ប្រែសម្រួល ឈូក បូរ៉ា
