អភិបាលខេត្តកំពង់ចាម ដាក់ផែនការឲ្យមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្ត ពិនិត្យមើលលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការលក់ដូរ សេវាស្នាក់នៅ មិនឲ្យមានការតម្លើងថ្លៃ គ្រប់ពិធីបុណ្យធំៗ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញវិធានការឲ្យក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវ គ្រប់គ្រងឲ្យបានល្អ នូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ និងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។

លោកអភិបាលខេត្ត បានចេញគោលការណ៍ដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈប្រជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។


លោកអភិបាលខេត្ត បានណែនាំបន្ថែមថា គ្រប់ពិធីបុណ្យធំៗរបស់ជាតិ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះអនុវត្តការងារ ៣ដំណាក់កាល ដោយក្នុងនោះ មាន ៖


ទី១ ៖ មុនពេលពិធីបុណ្យ ក្រុមការងារត្រូវចុះរៀបចំពិនិត្យមើល ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការតុបតែងលម្អ និងចុះធ្វើការអប់រំណែនាំអាជីវករ ផ្នែកសេវាកម្ម អនាម័យ និងរក្សាតម្លៃ មិនឱ្យមានការឡើងថ្លៃទេ រួមនិងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ ពិសេសគឺកន្លែងលេងទឹកជាដើម ។

ទី២ ៖ ក្នុងពេលពិធីបុណ្យ ត្រូវមានមន្ត្រីនៅប្រចាំការទទួលភ្ញៀវ និងសង្កេតការណ៍រាល់ការលក់ដូររបស់អាជីវករ តាមរមណីយដ្ឋាននីមួយៗ ។
ទី៣ ៖ គឺក្រោយពេលបុណ្យ គឺក្រុមការងារត្រូវពិនិត្យមើល លើការសំអាត អនាម័យបរិស្ថាន ធ្វើយ៉ាងណាឱ្យទីកន្លែងនីមួយៗមានភាពស្អាតដូចដើម។
លោកអភិបាលខេត្ត បានលើកឡើងផងដែរថា ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ ឃើញថាមានប្រជាពលរដ្ឋមកកំសាន្តក្នុងខេត្តកំពង់ចាមប្រមាណជាជាង ១១ ម៉ឺននាក់ផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ និងបញ្ហាចរាចរកកស្ទះ ត្រូវបានសមត្ថកិច្ចយើងធ្វើការដោះស្រាយភ្លាមៗផងដែរ។
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
