អតីតអភិបាលក្រុងអ៊ីស្តង់ប៊ុល ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ១៤២ករណី ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២.៣៥២ឆ្នាំ
អ៊ីស្តង់ប៊ុល៖ អតីតអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលត្រូវបានជាប់ពន្ធនាគារចាប់តាំងពីខែមីនា ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២.៣៥២ ឆ្នាំ លើបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន ១៤២ ករណី រួមទាំងការដឹកនាំអង្គការឧក្រិដ្ឋកម្ម ការសូកប៉ាន់ ការលាងលុយកខ្វក់ និងការក្លែងបន្លំ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរតួកគីនៅថ្ងៃអង្គារ។
ការចោទប្រកាន់ ដែលរៀបចំដោយការិយាល័យព្រះរាជអាជ្ញារងនៃទីក្រុងអ៊ីស្តង់ប៊ុល និងប្រកាសដោយព្រះរាជអាជ្ញារងនៃទីក្រុងអ៊ីស្តង់ប៊ុល លោក Akin Gurlek នៅក្នុងសន្និសីទសារព័ត៌មាន បានចោទប្រកាន់លោក Imamoglu ពីបទឧក្រិដ្ឋចំនួន ១៤២ ករណី។ យោងតាមការចោទប្រកាន់នេះ “ការខាតបង់សាធារណៈសរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៦០ ពាន់លានលីរ៉ាតួកគី ឬស្មើនឹង (៣,៨ ពាន់លានដុល្លារអាមេរិក) និង ២៤ លានដុល្លារអាមេរិក”។
ការចោទប្រកាន់ស្វែងរកការកាត់ទោសឱ្យជាប់ពន្ធនាគារចាប់ពី ៨២៨ ដល់ ២.៣៥២ ឆ្នាំ។ លោក Imamoglu ដែលត្រូវបានជ្រើសតាំងឡើងវិញសម្រាប់អាណត្តិទីពីរជាអភិបាលក្រុងអ៊ីស្តង់ប៊ុល ក្នុងការបោះឆ្នោតមូលដ្ឋានឆ្នាំ ២០២៤ បានយកឈ្នះលោក Murat Kurum ដែលជាបេក្ខជនមកពីគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច។ ជ័យជម្នះនេះបានពង្រឹងជំហររបស់លោកបន្ថែមទៀតថាជាឥស្សរជនលេចធ្លោបំផុតម្នាក់នៅក្នុងនយោបាយប្រឆាំងរបស់ប្រទេសតួកគី។
កាលពីខែមីនា គណបក្សប្រជាជនសាធារណរដ្ឋ ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយនៅតួកគី បានតែងតាំងលោក Imamoglu ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួនជាផ្លូវការ ដោយដាក់លោកជាគូប្រជែងចម្បងជាមួយប្រធានាធិបតីលោក Recep Tayyip Erdogan ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៨ ខាងមុខនេះ។
ការចោទប្រកាន់ និងដំណើរការផ្លូវច្បាប់ដែលកំពុងដំណើរការបានបន្ថែមភាពតានតឹងនយោបាយមួយស្រទាប់មុនការបោះឆ្នោតប្រធានាធិបតី ដោយលោក Imamoglu បានថ្កោលទោសការចោទប្រកាន់ទាំងនោះថា ជាការលើកទឹកចិត្តខាងនយោបាយ និងបដិសេធការចោទប្រកាន់ទាំងអស់៕
ប្រែសម្រួល ឈូក បូរ៉ា
