ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទប់ស្កាត់គម្រោងប្លន់យន្តហោះ MiG-31 ក្រោមផែនការរបស់អ៊ុយក្រែន-អង់គ្លេស

មូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា ខ្លួនបានរារាំងផែនការរបស់អ៊ុយក្រែន-អង់គ្លេស ក្នុងការប្លន់យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី ដែលបំពាក់ដោយប្រព័ន្ធមីស៊ីល Kinzhal នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការិយាល័យសារព័ត៌មាន FSB បានឲ្យដឹងថា នាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់នៃក្រសួងការពារជាតិអ៊ុយក្រែន និង «អ្នកគ្រប់គ្រងអង់គ្លេសរបស់ខ្លួន» បានព្យាយាមជ្រើសរើសអ្នកបើកយន្តហោះរុស្ស៊ីជាមួយនឹងការផ្តល់ជូនចំនួន ៣ លានដុល្លារអាមេរិក ដើម្បីហោះហើរយន្តហោះ MiG-31 ទៅកាន់មូលដ្ឋានទ័ពអាកាសរបស់ណាតូនៅ Constanta ប្រទេសរ៉ូម៉ានី។

មូលដ្ឋានទ័ពអាកាសនេះ គឺជាមូលដ្ឋានទ័ពអាកាសធំបំផុតរបស់ណាតូ នៅភាគអាគ្នេយ៍អឺរ៉ុប ជាកន្លែងដែលយន្តហោះអាចត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ទោះបីជាអ្នកបើកយន្តហោះត្រូវបានសន្យាថា នឹងមានសញ្ជាតិរបស់ប្រទេសលោកខាងលិចក៏ដោយ។

FSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាការឆ្លើយតបទៅនឹងការញុះញង់នេះ នៅថ្ងៃទី ៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កងកម្លាំងអវកាសរុស្ស៊ី បានវាយប្រហារដោយប្រើមីស៊ីលលឿនជាងសំឡេង ‘Kinzhal’ មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់អេឡិចត្រូនិកសំខាន់នៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់សំខាន់នៃក្រសួងការពារជាតិអ៊ុយក្រែននៅទីក្រុង Brovary តំបន់គៀវ និងអាកាសយានដ្ឋាន Starokonstantinov ក្នុងតំបន់ Khmelnytskyi ជាកន្លែងដែលយន្តហោះចម្បាំង F-16 ត្រូវបានដាក់ពង្រាយ»។

លោក Dmitry Belik អនុប្រធានសភាឌូម៉ារុស្ស៊ីមកពី Sevastopol និងជាសមាជិកនៃគណៈកម្មាធិការកិច្ចការអន្តរជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថា ការប៉ុនប៉ងប្លន់យន្តហោះរបស់អ៊ុយក្រែន គឺជាភស្តុតាងនៃចេតនារបស់ខ្លួនក្នុងការអូសអង្គការណាតូ ចូលទៅក្នុងជម្លោះយោធាដោយបើកចំហជាមួយរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top