ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវដល់អ្នកដំណើរ មេត្តាបើកបរគោរពច្បាប់ និងបង្កើនការប្រុងប្រយ័ត្ន

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងស្រុកពោធិ៍រៀង និងនិយាយជារួម សម្រាប់អ្នកដំណើរទូទៅ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រវែង ៨ ៨០៩ម៉ែត្រ បង្គោលអំពូលសូឡា ចំនួន ២៨៨ដើម និងចាក់សាបបេតុង ចំនួន ១កន្លែង ទំហំ ២ ៣៦០ម៉ែត្រការ៉េ ស្ថិតក្នុងឃុំពោធិ៍រៀង និងឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អំពាវនាវយ៉ាងទទូចទៅកាន់ប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀង និងនិយាយជារួម សម្រាប់អ្នកដំណើរទូទៅ មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ពីព្រោះហានិភ័យនៃគ្រោះថ្នាក់ នឹងមានកំណើន នៅពេលផ្លូវកាន់តែងាយស្រួលធ្វើដំណើរ ប៉ុន្តែអ្នកបើកបរកាន់តែខ្វះការប្រុងប្រយ័ត្ន និងគោរពច្បាប់»។

ចេញពីប្រធានបទពាក់ព័ន្ធ និងបញ្ហាចរាចរណ៍ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រួមទាំងក្នុងខេត្តព្រៃវែង បង្កើនការរឹតបន្តឹងវិធានការបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានលើកលែង ពោលគឺត្រូវឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនពួកគេទៅស្ថាប័នតុលាការ។

ចំណែកវិធានការបង្ការបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងពីភាពចាំបាច់នៃការចូលរួមពីនាយកសាលា លោកគ្រូអ្នកគ្រូ ជាពិសេសអាណាព្យាបាល។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា «សិស្សមានសក់ពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ ឬមានម៉ូតវែងខ្លីមិនសមរម្យ មិនគួរអនុញ្ញាតឱ្យចូលរៀននោះទេ»៕

To Top