ព័ត៌មានជាតិ

កម្ពុជា​ ស្នើឱ្យបើកការ ស៊ើបអង្កេតឯករាជ្យ ដោយមានបរទេសចូលរួម ករណីទាហានថៃ បាញ់ប្រហារជនស៊ីវិលកម្ពុជា

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើឲ្យមានការ បើកការស៊ើបអង្កេត ដោយឯករាជ្យ លើករណីយោធាថៃ បានបើកការវាយប្រហារយ៉ាងព្រៃផ្សៃ មកលើជនស៊ីវិលកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការឱ្យចូលរួមពីមិត្តបរទេស ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កម្ពុជាអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែង ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

លោកស្រីបន្តថា កម្ពុជា ស្នើឱ្យមានការបើកការស៊ើបអង្កេត ដោយឯករាជ្យលើករណីនេះ និង អំពាវនាវឱ្យមានការចូលរួម ពីភាគីបរទេស ដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាញ់ ប្រហាររបស់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងការពារជាតិ បញ្ជាក់ ជំហរសាជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ៕

To Top