កម្ពុជា នឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យផ្តល់យុត្តិធម៌ជូនពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ក្រោយបាញ់ប្រហារពីយោធាថៃ
ភ្នំពេញ ៖ កម្ពុជា នឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ និង ផ្តល់យុត្តិធម៌ជូនពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា បន្ទាប់ពីបាញ់ប្រហារពីយោធាថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ វិច្ឆិកា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សមត្ថកិច្ចបាននិង កំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើ ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ចំនួន ០១នាក់ និង ចំនួន៣នាក់ រងរបួសធ្ងន់ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)និង អ្នកជំនាញបរទេស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការ ប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើ មូលដ្ឋាននៃច្បាប់អន្តរជាតិ កម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យ មានការទទួលខុសត្រូវ និង ការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបាន ទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ៕
