ព័ត៌មានជាតិ

កម្ពុជា អំពាវនាវឲ្យមានការស៊ើបអង្កេត លើករណីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់

ភ្នំពេញ ៖ កម្ពុជា អំពាវនាវឲ្យមានការស៊ើបអង្កេត លើករណីយោធាថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូងត្រង់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់ នៅភូមិព្រៃចាន់ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។

នេះជាការបញ្ជាក់របស់ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងពេលធ្វើបទបង្ហាញជូនអង្គទូតបរទេស អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រី រដ្ឋលេខាធិការប្រចាំការ បានជម្រាបអ្នកចូលរួមស្តាប់បទបង្ហាញថា កម្ពុជាបាន ធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃ ដែលបណ្តាល ឱ្យស្លាប់ជនស៊ីវិលខ្មែរម្នាក់ និងរបួសបីនាក់ផ្សេងទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមាន ជ័យ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រី បានបញ្ជាក់ថា ការប្រើប្រាស់កម្លាំងខុសច្បាប់របស់ភាគីថៃ ប្រឆាំងនឹងជនស៊ីវិល រំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន បានជះឥទ្ធិពល អវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ច ប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ ២០២៥។

លោកស្រី រដ្ឋលេខាធិការប្រចាំការ ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់។

ទាក់ទិននឹងឧប្បត្តិហេតុផ្ទះមីនដែលបានធ្វើឱ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា «ខណៈដែលឧប្បត្តិហេតុនេះគួរមមានការស៊ើបអង្កេតឯករាជ្យនោះ ពុំគួរអនុញ្ញាតឱ្យរឿងនេះធ្វើឱ្យខូចដល់ដំណើរការស្តារសន្តិភាពនោះទេ»។

លោកស្រី ក៏បានសម្តែងការសោកស្តាយ ដែលមានទាហានថៃរងរបួស និងបានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជាតំបន់គេស្គាល់យ៉ាងច្បាស់ថា ពោរពេញទៅដោយមីន ដែលបន្សល់ពីសង្គ្រាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០៕

To Top