ព័ត៌មានអន្តរជាតិ

ចិន​ ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត​ ចំពោះការលក់អាវុធចុងក្រោយរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានរិះគន់សហរដ្ឋអាមេរិក​ ចំពោះការលក់អាវុធចុងក្រោយរបស់ខ្លួនទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់​ ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដី។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មន្ទីរបញ្ចកោណបានឧ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ភាគីសហរដ្ឋអាមេរិក​ បានអនុម័តការលក់អាវុធទៅឱ្យតៃវ៉ាន់ ដែលជាប្រតិបត្តិការលើកដំបូងបែបនេះនៅក្នុងអាណត្តិទីពីររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

នៅពេលត្រូវបានសួរសុំមតិយោបល់ អ្នកនាំពាក្យចិនលោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក​ ទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន រំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងគោលការណ៍សេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២ បានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន រំលោភច្បាប់អន្តរជាតិ និងបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួន «ឯករាជ្យភាពតៃវ៉ាន់»។

លោកបានលេីកឡេីងថា «បញ្ហាតៃវ៉ាន់​ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហមដំបូងដែលមិនត្រូវឆ្លងកាត់ក្នុងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top