ភ្នំពេញ ៖ លោក អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគ បារាំងឲ្យមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ច ពិសេសនានា។ នេះបើតាមយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី អេវ៉ា ង្វៀនប៊ិញ បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលមានការរៀបចំបានល្អប្រសើរ និងបានចូលរួមចំណែក ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោកស្រីសន្យាថា នឹងជំរុញអ្នកវិនិយោគបារាំង ឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេស មកបណ្តាក់ទុននៅបណ្តាតំបន់សេដ្ឋកិច្ចពិសេស ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការចំនួន២៣ មានគម្រោងវិនិយោគចំនួន៤៨២ដែលផ្តល់ការងារដល់កម្មករ-កម្មការិនីជាង១៣ម៉ឺននាក់ និងចូលរួមចំណែកប្រមាណ១៤% នៃការនាំចេញសរុប។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគ ចំនួន១៨១គម្រោង ដែលផ្តល់ការងារដល់កម្មករ ជាង២ម៉ឺន៥ពាន់នាក់ ៕ ដោយ ៖ អេង ប៊ូឆេង