ព័ត៌មានជាតិ

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ របស់អតីតយុទ្ធជន មានដី តែមិនទាន់មានជម្រកស្នាក់នៅសមរម្យ  ដើម្បីសាងសង់ផ្ទះថ្មីជូនគាត់ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ !

កំពង់ធំ៖ នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សោម​ ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ រស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមអធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការសាងសង់ផ្ទះថ្មី ជូនគាត់ ដោយសារគម្រោងសាងសង់ផ្ទះថ្មីបន្ថែមទៀត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ទើបតែទទួលបាននៅត្រីមាសទី​៤​ ឆ្នាំ ២០២៥​នេះ ហើយក្រុមការងារ និងដំណើរការសាងសង់ផ្ទះថ្មី ដែលមានទំហំ ៥​ម៉ែត្រគុណនិង ៧​ម៉ែត្រ សាងសង់​ពី​សរសរ​បេតុង​ ឆ្អឹង​ដែក​ រនាប​ក្រាល​ក្តារ​ ជញ្ជាំង​ស្មាត​ប៊ត​ មានតសំយ៉ាបផ្ទះបាយប្រវែង  ៣​ម៉ែត្រ ទៅ​ខាង​ក្រោយ​ផ្ទះ​ ព្រមទាំងមានបង្គន់អនាម័យមួយខ្នងផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រាប់ផ្ដល់ជូនគាត់នៅពេលដ៏ខ្លីខាងមុខនេះ ៕

ដោយ៖ សំនៀង

To Top