ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត AI ក្នុងការបង្រៀន

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន។

ការលើកឡើងរបស់របស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌” នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃ សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ បានលើកយក ប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌” ដ៏មានអត្ថន័យជ្រាលជ្រៅ បង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «បច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន ដោយមើលឃើញថា នវានុវត្តន៍ និងការធ្វើសមាហរណកម្មពិតជាផ្តល់នូវភាពងាយស្រួលដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ ក៏ដូចជាការងាររដ្ឋបាលសិក្សា និងរង្វាយតម្លៃការសិក្សាជាដើម»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បី៖ ១) ទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន ២) ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន ៣) ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និង ៤) ធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕

To Top