ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍ លើកទី៤» ចាប់ពីថ្ងៃទី២៤-២៥វិច្ឆិកាខាងមុខនេះ នៅសណ្ឋាគារសុខាសៀមរាប
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍ លើកទី៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វេទិកាជាតិអេកូទេសចរណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ សម្រាប់វិស័យអេកូទេសចរណ៍ និង ទេសចរណ៍សហគមន៍ ដែលនឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា វេទិកាប្រចាំឆ្នាំនេះ នឹងបើកឱកាសក្នុងការបង្ហាញអំពីលទ្ធផលការងារ ពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ការលើកឡើងនូវបញ្ហាប្រឈម និងការពិភាក្សាដាក់ចេញជាជម្រើសដំណោះស្រាយ និងយុទ្ធសាស្ត្រនានា ក្នុង ស្មារតីចែករំលែក ចូលរួម និងទទួលខុសត្រូវទាំងអស់គ្នា លើការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។ ព្រមជាមួយគ្នានេះ អង្គវេទិកាក៏នឹងមានការរៀបចំ ពិព័រណ៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ភ្ជាប់ជាមួយ ផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល
