ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតី ក្នុងវេទិកា រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម

កំពង់ចាម៖ វេទិកា រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ក្នុងឱកាសបើកវេទិកា លោក អ៊ុន ចាន់ដា អភិបាលខេត្ត សូមឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តកំពង់ចាម ដែលបានអញ្ជើញចូលរួម លើកជាយោបល់ សំណូមពរ និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារនាពេលកន្លងមក ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ សូមចូលរួមជាយោបល់ពាក់ព័ន្ធសំណូមពរ និងបញ្ហាប្រឈមរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានលើកឡើង។

បន្ទាប់ពីការពិភាក្សា លោកអភិបាលខេត្ត បានស្នើសមាជិក សមាជិកានៃអង្គវេទិកា យកស្មារតីនៃការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងវេទិកានេះ បន្តផ្សព្វផ្សាយចែករំលែកដល់បុគ្គលពាក់ព័ន្ធ ជាពិសេសសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន និងចៀសវាងដាច់ខាតការធ្វើសកម្មភាពណាមួយ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គមជាតិយើង។

ឈរលើស្មារតីនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ទទួលយកនូវអនុសាសន៍ សំណើ និងសំណូមពរនានាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងខាងសមាគម អង្គការសង្គមស៊ីវិល ទាំងខាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកមកពិនិត្យពិចារណា និងដាក់ចេញនូវវិធានការដំណោះស្រាយសមស្របសម្រាប់អនុវត្តឱ្យកាន់តែល្អ ប្រសើរឡើងបន្ថែមទៀត។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា

To Top