រដ្ឋមន្ដ្រីមហាផ្ទៃ ៖ គោរពច្បាប់ចរាចរណ៍ មិនមែនដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួន។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីមានសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានចូលរួមសោកស្តាយ និងរំលែកទុក្ខ ចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យប្រជាពលរដ្ឋ ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។

ក្នុងន័យនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចខ្លះៗ ដូចជា ៖ កុំបើកបរហួសល្បឿនកំណត់, កុំបើកបរក្នុងស្ថានភាពស្រវឹង, ពាក់មួកសុវត្ថិភាព/ខ្សែក្រវ៉ាត់, កុំវ៉ាជែងដោយប្រថុយប្រថាន, ប្រកាន់ស្តាំជានិច្ច។

ប្រមុខក្រសួងមហាផ្ទៃ បន្ដថា ជាមួយគ្នានេះ ដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុដ៏អាក្រក់នេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន គួរបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «សូមបងប្អូនជនរួមជាតិ ជាពិសេសអ្នកប្រើប្រាស់ដងផ្លូវ និងយានជំនិះគ្រប់ប្រភេទ ចងចាំថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ សូមរំលឹកខ្លួនឯងជារឿយៗថា កុំប្រញាប់ពេក! ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ»៕
