កីឡា

កម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ២០២៥ នៅប្រទេសថៃ

ភ្នំពេញ ៖ ក្រុមអត្តពលិកចំនួន២១ ប្រភេទកីឡា របស់កម្ពុជា នឹងចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-២០ ធ្នូ ខណៈពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ។ នេះបើតាមការផ្សព្វផ្សាយ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២១ ដែលថៃ ធ្វើជាម្ចាស់ផ្ទះនេះ គឺទទួលបានការអនុញ្ញាត ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ការចូលរួមព្រឹត្តិការណ៍ កីឡាប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍នេះ កម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ រូប។ សម្រាប់ប្រភេទកីឡាទាំង២១ប្រភេទ ដែលកម្ពុជា ត្រូវប្រកួតប្រជែង មានអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ នឹងទទួលបានការគាំពារ យ៉ាងពិសេសពីភាគីម្ចាស់ផ្ទះ ហើយប្រតិភូកីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារ តែមួយជុំគ្នានៅក្រុងបាងកក។

លោក វ៉ាត់ ចំរើន ក៏បានរំឭកពីគោលការណ៍ចលនាអូឡាំពិក ដែលមិនមានការប្រកាន់រើសអើងឡើយ។ ការប្រកួតកីឡាក៏មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែង ដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព និងសុខដុមនីយកម្ម ។

គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយមាស៨១គ្រឿង ប្រាក់៧៤គ្រឿង និងសំរឹទ្ធ ១២៧គ្រឿង សរុបទាំងអស់២៨២ គ្រឿង៕

To Top