ព័ត៌មានជាតិ

កម្ពុជានិងអូស្ត្រាលី គាំទ្រការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍមូលធនមនុស្ស បង្កើនភាពធន់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យមានសមត្ថភាពខ្ពស់សម្រាប់ចូលរួមការអភិវឌ្ឍវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា

ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកDerek YIP ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ភាពជាដៃគូរវាងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម» ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន RMA Cambodia PLC ដោយមានអ្នកចូលរួមប្រមាណ ៦០០នាក់ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស។

ថ្លែងនៅក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive Center of Excellence Cambodia -ACE-C) នេះ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមដើរតួនាទីសំខាន់ក្នុងការជំរុញការបង្កើនកម្លាំងជំនាញផ្នែកយានយន្ត សម្រាប់ទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ស្របតាមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្តថា ACE-C គឺសក្ខីភាពនៃការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ឱ្យឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិ ក៏ដូចជាបានសង្កត់ធ្ងន់ថា កិច្ចសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល គឺជាកត្តាដ៏មានសារៈសំខាន់ក្នុងការកសាងកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅនឹងបម្រែបម្រួលក្នុងពិភពការងារនាពេលអនាគត។

តាមរយៈមជ្ឈមណ្ឌលជាមួយនឹងឧបករណ៍ និងសម្ភារៈ ដែលបានបំពាក់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បង្ហាញនូវការជឿជាក់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងទំនុកចិត្តសម្រាប់បណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យយានយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង និងអាចធានាបាននូវភាពប្រកួតប្រជែងខ្ពស់ ហើយក៏រំពឹងថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាគំរូនៃការបង្កើតមជ្ឈមណ្ឌលឧត្តមភាពលើវិស័យផ្សេងទៀត ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោក​ Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអូស្រ្តាលី ក្នុងការធ្វើជាដៃគូមួយដ៏សំខាន់ដោយផ្តល់ជំនួយអប់រំក្នុងប្រទេសកម្ពុជា ក្នុងការកសាងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សាហកម្ម និងបានចាត់ទុកមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជាដៃគូដ៏រស់រវើករវាងរាជរដ្ឋាភិបាល គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជន ក្នុងការធ្វើបរិវត្តកម្មវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា ACE-C នឹងជួយឱ្យយុវជនកម្ពុជាត្រៀមខ្លួនសម្រាប់ការចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងវិស័យយានយន្ត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ លោកក៏បង្ហាញអំពីការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តនេះ ក៏នឹងចូលរួមជំរុញការអភិវឌ្ឍក្នុងវិស័យផ្សេងៗទៀត នៅកម្ពុជាផងដែរ៕

To Top