បន្ទាយមានជ័យ៖ អាជ្ញាធរស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ បានថ្លែងអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបាននាំយកឱកាសការងាររាប់ពាន់កន្លែង ជូនបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅផ្សារចម្ការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដោយនាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ចំនួន ២១ មកសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ ហើយមានតម្រូវការកម្លាំងពលកម្មសរុបជាង ៦ ៥០០នាក់ ព្រមទាំងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។
លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី បានថ្លែងអំណរគុណច្រើនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ។ នៅក្នុងស្រុកមង្គលបូរី បានរៀបចំពិព័រណ៍ការងារ និងវេទិកាការងារចំនួន ៧លើក បើគិតទាំងលើកនេះ ហើយលើកនេះមានការរៀបចំធំជាងលើកមុនៗ។
លោក លើកឡើងថា បងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលចូលរួមក្នុងពិព័រណ៍ការងារនៅថ្ងៃនេះ ទទួលបានការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃ ថែមទៀត។
លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា នៅក្នុងស្រុកមង្គលបូរី បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ មានចំនួនជាង ១ម៉ឺន ១ពាន់នាក់ ដោយក្នុងនោះមានបងប្អូនអតីតពលករប្រមាណជាង ៧ពាន់នាក់ បានទទួលការងារធ្វើ តាមរយៈវេទិកាការងារ និងពិព័រណ៍ការងារ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនាពេលកន្លងមក។
លោកអភិបាលស្រុកមង្គលបូរី បានបន្ថែមថា «ក្នុងនាមស្រុក ខ្ញុំអរគុណមែនទែន ហើយខ្ញុំសង្ឃឹមថា ថ្ងៃនេះប្រហែលជាយ៉ាងតិចជាង ១ពាន់នាក់ដែរ ដែលអាចជ្រើសរើសការងារធ្វើ ដែលទាំងប៉ុន្មានក្រុមហ៊ុនេះ ទាំងកាត់ដេរ ទាំងកសិដ្ឋាន ការងារសំណង់ ជាដើម»។
ជាមួយគ្នានេះ លោកអភិបាលស្រុកមង្គលបូរី បានបញ្ជាក់ថា លោក នឹងបន្តសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីបន្តជួយស្វែងរកការងារឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ។ ជាចុងក្រោយ លោក រ័ត្ន ដាស៊ីណង់ បានអរគុណប្រមុខរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានខិតខំជួយស្វែងការងារឱ្យបងប្អូនអតីតពលករមកពីប្រទេសថៃធ្វើ។
សូមជម្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលាស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥បន្តទៀត៕

