ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២
ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអង្គការ UNDP ប្រចាំប្រទេសកម្ពុជា និងអង្គការ Vital Strategies រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនៅថ្ងៃនេះ ក្នុងគោលបំណងចំនួន២ គឺ៖
ទី១-បង្ហាញអំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានរយៈពេល៩ឆ្នាំ ក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី១) ២០១៧-២០២៦ ជូនអង្គសិក្ខាសាលា ដើម្បីស្វែងយល់អំពីវឌ្ឍនភាពជារួមលើការងារអត្តសញ្ញាណកម្ម
ទី២-បង្ហាញអំពីសេចក្ដីព្រាង ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥ ជូនអង្គសិក្ខាសាលាដើម្បីពិនិត្យ ផ្តល់មតិ យោបល់ ឬធាតុចូលលើចំណុចពាក់ព័ន្ធនានា។

ជារួម ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាសសរស្ដម្ភលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) និងអត្តសញ្ញាណឌីជីថលនៅកម្ពុជា។ ផែនការយុទ្ធសាស្ត្រដំណាក់កាលទី២នេះ នឹងបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ពីការអនុវត្ត ផែនការយុទ្ធសាស្ត្រដំណាក់កាលទី១ ព្រមទាំងដាក់ចេញនូវផែនការកែទម្រង់ ដោយបង្កើតនូវ «អត្តសញ្ញាណស្របច្បាប់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងមនុស្សគ្រប់រូបដែលរស់នៅក្នុងប្រទេសកម្ពុជា» ព្រមទាំងការកសាងនូវអត្តសញ្ញាណឌីជីថលជាតិមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន សម្រាប់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ក្នុងការទទួលសេវាសាធារណៈ និងសេវាឯកជន៕




